ក្តៅ! អាកាសយាន្តដ្ឋានថ្មី ៣ កន្លែងនឹងគ្រោងសាងសង់ក្នុងឆ្នាំ ២០១៨ នេះ
នៅក្នុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឲ្យសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ចំនួន៣ កន្លែងបន្ថែមទៀត។ អាកាសយានដ្ឋានថ្មីទាំង៣ កន្លែងនោះ មាននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកោះកុង។ នេះបើតាមលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរស៊ីវិល ឆ្នាំ២០១៣-២០១៧ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៨-២០២៣ ដែលបានធ្វើឡើង នៅសណ្ឋាគារ សុខា ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិទាំង៣នេះ នឹងត្រូវសាងសង់ឡើងស្របតាមស្តង់ដារអន្តរជាតិ។ ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តកណ្តាល ខេត្តសៀមរាប និងនៅខេត្តកោះកុង ( តារាសាគរ ) តាមរយៈការចូលរួមភាពជាដៃគូ រវាងរដ្ឋ និងឯកជន។
កាលពីខែធ្នូ ឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានប្រកាសពីការអនុញ្ញាតឲ្យក្រុមហ៊ុន OCIC និងអាកាសចរណ៍ស៊ីវិល សហការសាងសង់អាកាសយានដ្ឋានថ្មី នៅខេត្តកណ្តាល ដែលជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4Fគ្រោងបោះទុនវិនិយោគសរុបចំនួន ១៥០០ លានដុល្លារ។
ដោយឡែក ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មី នៅខេត្តសៀមរាប និងនៅខេត្តកោះកុង (តារាសាគរ) តាមរយៈការចូលរួមភាពជាដៃគូ រវាងរដ្ឋ និងឯកជន ( PPP )។ ដោយឡែក អាកាសយានដ្ឋានខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាល បានផ្តល់សម្បទានឲ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគ ដើម្បីបម្រើវិស័យទេសចរណ៍នៅតំបន់អេកូទេសចរណ៍នោះ។
រីឯអាកាសយានដ្ឋានមណ្ឌលគិរី អាកាសយានដ្ឋានរតនគិរី អាកាសយានដ្ឋានខេត្តព្រះវិហារ និងអាកាសយានដ្ឋានក្រចេះ រាជរដ្ឋាភិបាលបានប្រគល់ជូនអាជ្ញាធរខេត្ត ជាអ្នកគ្រប់គ្រងក្នុងឆ្នាំ២០១៦។
មកដល់ដើមឆ្នាំ២០១៨នេះ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ៣ កំពុងដំណើរការ រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ៕
ប្រភពអត្ថបទ @KLEYKLEY.SABAY.COM.KH