គួរប្រុងប្រយ័ត្ន! ពលរដ្ឋ​ខ្មែរ​មាន​អត្រាជំងឺ​មហារីក​ថ្លើម​ខ្ពស់ បណ្តាល​មក​ពី​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនឬ?

ការ​បង្ហាញ​ពី​កម្ពុជា​មាន​អត្រា​ជំងឺ​ថ្លើម និង​មហារីក​ថ្លើម​ខ្ពស់​ជាង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី ភាគ​អាគ្នេយ៍ របស់​អង្គការ​សុខភាព​ពិភព​លោក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាប់​ទាក់​ទង​ទៅ​នឹង​ឥរិយាបទ​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​។ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​របស់​ពលរដ្ឋ​ខ្មែរ មាន​ចរិក​លើស​ពី​អ្វី​ដែល​ជា​ការ​សប្បាយ និង​មិន​សូវ​ជា​មាន​ការ​គិត​គូរ​ពី​ការ​ប្រឈម​ចំពោះ សុខភាព​របស់​ខ្លួន​ទៅ​អនាគត។ ផ្តើម​ចេញ​ពី​អង្គ​សិក្ខាសាលា​មួយ​រយៈ​ពេល​ ៣​ថ្ងៃ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ចាប់​ពី​ថ្ងៃ​ទី ៦​ដល់​ថ្ងៃ​ទី​ ៨​ខែ​កុម្ភៈ​ឆ្នាំ ២០១៧ ស្តី​ពី​បច្ចេកទេស Endoscopies ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ជំងឺ​មហា​រីក ប្រព័ន្ធ​រំលាយ​អាហារ និង​ថ្លើម ហើយ​មាន​ការ​កត់​សម្គាល់​ថា​អត្រា​ប្រជាជន​កម្ពុជា​បាន​កើត​ និង​ស្លាប់ ដោយ​សារ​ជំងឺ​មហារីក​ថ្លើម​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ ​ធ្វើ​ឲ្យ​មាន​ការ​គិត​ថា​បច្ច័យ​អាក្រក់​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​ទាំង​នេះ កំពុង​ញ៉ាំ​ញី​សង្គម​ខ្មែរ​ខ្លាំង​ក្លា​នៅ​ឡើយ​។

នោះ​គឺ​ការ​ទទួល​ទាន​ចំណី​អាហារ​មិន​មាន​អនាម័យ និង​ភេសជ្ជៈ មាន​សុរា​និង​ស្រាបៀរ ដែល​ជា​គ្រឿង​ស្រវឹង​ដ៏​ពេញ​និយម។ ការ​បង្ហាញ​របស់​អង្គការ​សុខភាព​ពិភព​លោក ដែល​ថា ជំងឺ​មហារីក​ថ្លើម​កើត​មាន​ខ្ពស់​ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​ចំណោម​ប្រជា​ជាតិ នៅ​ក្នុង​តំបន់ ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​នានា​ គិត​ថា​ប្រជាជន​ខ្មែរ ទទួល​ទាន​ស្រា​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ និង​មាន​ឥរិយាបទ ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ។

ជា​ការ​កត់​សម្គាល់ ជន​ជាតិ​ខ្មែរ​មួយ​ចំនួន ទទួល​ទាន​ស្រា ឬ​ស្រាបៀរ ប្រៀប​បាន​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដូច្នោះ​ដែរ។ ចំណុច​នេះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​កម្មវិធី​សប្បាយៗ​នានា ឬ​ក៏​ពិធី​បុណ្យ​ធំៗ​ គឺ​នៅ​ពេល​ដែល​មាន​ការ​លើក​កែវ ហាក់​ដូច​ជា​លើក​សម្លាប់​គ្នា ពោល​គឺ​លើក​ឲ្យ​ដាច់​ ឲ្យ​អស់​ពី​កែវ ដើម្បី​អួត​គ្នា រក​អ្នក​ខ្លាំង រក​អ្នក​ខ្សោយ ហើយ​ទី​បំផុត​បង្កើត​បរិយាកាស​ហ៊ោ​កញ្ជ្រៀវ​ឡើង ប្រកប​ដោយ​ក្តី​រីករាយ​ ទាំង​មុខ​ស្ពឹក ភ្នែក​បើក​មិន​ចង់​រួច។

វា​ជា​ប្រពៃណី​ទៅ​ហើយ​នៅ​ពេល ដែល​មាន​ការ​ជួប​ជុំ​ញាតិ​មិត្ត តាម​រយៈ​ពិធី​នីមួយៗ​ដែល​មាន​ការ​ទទួល​គ្រឿង​ស្រវឹង ប្រពៃណី​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​កំហុស​ឆ្គង​ជុំ​វិញ​បញ្ហា​សុខភាព​សាធារណៈ។ ទិដ្ឋភាព​ដូច្នេះ ខុស​ប្លែក​ពី​ពលរដ្ឋ​នៅ​ប្រទេស​ដទៃ ដែល​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​របស់​គេ បង្ហាញ​ពី​ការ​សប្បាយ​ពិតៗ ដោយ​មិន​ទទួល​ទាន​ច្រើន​ហួស​ហេតុ​ពេក ឬ​ក៏​មិន​ទទួល​ទាន​ដែល​នឹង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន។

មួយ​វិញ​ទៀត នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺ​មិន​មាន​តែ​ម្តង។ ប្រទេស​មួយ​ចំនួន​ទៀត ការ​ផ្សាយ​ពាណិជ្ជកម្ម​គឺ​គ្រាន់​តែ​បង្ហាញ​ត្រឹម​ម៉ាក​ស្រា​របស់​គេ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​នៅ​ប្រទេស​កម្ពុជា ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺ​ធ្វើ​ឡើង​តាម​បែប​ជម្រុញ ជា​ហេតុ​ធ្វើ​ឲ្យ​អាកប្បកិរិយា ឬ ឥរិយាបទ​នៃ​ការ​ក្រេប​គ្រឿង​ស្រវឹង​ក៏​ប្រែ​ប្រួល​ទៅ​តាម​បរិបទ​នៃ​ការ​ផ្សាយ​ដូច្នេះ​ដែរ​។ ជា​ឧទាហរណ៍ ការ​ទិញ​គ្រឿង​ស្រវឹង​ច្រើន​កេស នឹង​ត្រូវ​ថែម​ប៉ុន្មាន​កេស ហើយ​នឹង​មាន​ត្រូវ​រង្វាន់​ទៀត​ផង ដែល​ការ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​អូស​ទាញ និង​ជម្រុញ​ឲ្យ​មាន​ការ​ទទួល​ទាន​កាន់​តែ​ច្រើន។

ទោះ​យ៉ាង​ណា​គេ​មិន​អាច​បន្ទោស​ទៅ​លើ​ក្រុម​ហ៊ុន​អាជីវកម្ម​លើ​គ្រឿង​ស្រវឹង​បាន​ទេ​លើ​ករណី​នេះ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​គិត​របស់​អ្នក​ទទួល​ទាន​ផ្ទាល់ ខណៈ​ដែល​មាន​ការ​បើក​ដៃ​ឲ្យ​ក្រុម​ហ៊ុន​ស្រាបៀរ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​ចំហរ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​ចំណេះ​ដឹង​របស់​ពួក​គាត់​នៅ​មាន​កំរិត​នៅ​ឡើយ។

ទាក់​ទង​ទៅ​នឹង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នេះ​ដែរ កន្លង​មក​អង្គការ​ចលនា​សុខភាព​កម្ពុជា បាន​រក​ឃើញ​ថា​មាន​ផល​ប៉ះ​ពាល់​លើ​កត្តា ៤​យ៉ាង​ធំៗ។ ទី១. គ្រឿង​ស្រវឹង​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ជាង ២០០​មុខ។ ទី២.គឺ​ធ្វើ​ឲ្យ​ខាត​បង់​ដល់​ថវិកា​គ្រួសារ ដែល​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ឲ្យ​ប្រាកដ​ប្រជា​នៅ​ឡើយ​ថា​មាន​ថវិកា​សរុប​ប៉ុន្មាន ដែល​ត្រូវ​បាត់​បង់​ទៅ​លើ គ្រឿង​ស្រវឹង។ ទី៣. គឺ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​អំពើ​ហិង្សា​នេះ កើត​ឡើង​កាន់​តែ​ញឹក​ញាប់ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ទៅៗ។ ចំណុច​ទី​ ៤​ចុង​ក្រោយ គឺ​ការ​បាត់​បង់​ជីវិត​ប្រមាណ​ជា ៣០០​នាក់ ក្នុង​មួយ​ឆ្នាំ​គឺ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សេព​គ្រឿង​ស្រវឹង និង​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ប្រមាណ​ជា ៤០​លាន​ដុល្លារ។ ជា​សរុប​មក ការ​លើក​ឡើង​របស់​អង្គការ​សុខភាព​ពិភព​លោក ដែល​ថា​ពលរដ្ឋ​កម្ពុជា មាន​អត្រា​កើត​ជំងឺ​មហារីក​ថ្លើម​ខ្ពស់​ជាង​គេ នៅ​ក្នុង​តំបន់​អាស៊ី គឺ​វា​ស៊ី​គ្នា​ទៅ​នឹង​ទឡ្ហីករណ៍​របស់​ក្រុម​គ្រូ​ពេទ្យ និង​អ្នក​ជំនាញ​នានា ដែល​ថា​បញ្ហា​នេះ វា​ជាប់​ទាក់​ទង​យ៉ាង​ច្បាស់​ទៅ​នឹង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​មួយ​ទំហឹង​របស់​ពលរដ្ឋ​ខ្មែរ។

ដូច្នេះ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង គឺ​ជា​តម្រូវ​ការ​ខាន​មិន​បាន​របស់​ពលរដ្ឋ​លើ​ពិភព​លោក ក៏​ប៉ុន្តែ​តម្រូវ​ការ​គ្រឿង​ស្រវឹង គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​រូប​ភាព​មួយ​ច្បាស់​លាស់ មិន​ច្រើន​ហួស​ហេតុ​ពេក ពោល​គឺ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព។ ជា​ការ​ពិត​ការ​ក្រេប​គ្រឿង​ស្រវឹង គឺ​ជា​និមិត្ត​រូប​នៃ​ការ​សប្បាយ ការ​រាប់​អាន​គ្នា តែ​គេ​គួរ​គិត​ពី​បញ្ហា​ប្រឈម ដែល​នឹង​អាច​កើត​មាន​ឡើង​ផង​ដែរ​៕

ប្រភពអត្ថបទ​ WESHAREKH.NEWS​

Leave a Reply

Your email address will not be published.