tax

មុខវិជ្ជាៈពន្ធដារ

១. ដូចម្តេចដែលហៅថាពន្ធ?

ចំ. ពន្ធ ជាវិភាគទានមានលក្ខណៈកាតព្វកិច្ច (ចាប់បង្ខំ) ស្របតាមច្បាប់កំណត់ដែលអ្នកជាប់ពន្ធ ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គលត្រូវបង់ជូនរដ្ឋ។ ការយកពន្ធជាមធ្យោបាយជាក់ស្តែងមួយដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល និងបំពេញការចំណាយរបស់រដ្ឋទៅលើទំនិញ និងសេវាដែលប្រជាជនភាគច្រើនត្រូវការ។ ទំនិញសាធារណៈដូចជាៈ ការការពារជាតិ និងកម្មវិធីនានារ៉ាប់រងសង្គមអាចត្រូវបានផ្តល់ជូនសង្គមជាតិវិញ តាមរយៈការយកពន្ធដោយចាប់បង្ខំប៉ុណ្ណោះ។ ពិតណាស់ប្រសិនបើរដ្ឋអនុញ្ញាតឲ្យប្រជាជន (អ្នកជាប់ពន្ធ) បង់ពន្ធជូនរដ្ឋដោយស្ម័គ្រចិត្តនោះនឹងមានអ្នកជាប់ពន្ធមួយចំនួនតូចប៉ុណ្ណោះ ឬពុំមានអ្នកជាប់ពន្ធណាម្នាក់បង់ពន្ធជូនរដ្ឋឡើយ។ ដូច្នេះរដ្ឋនឹងទទួលចំណូលតិចតួចសម្រាប់បែងចែកជូនសង្គមជាតិវិញ និងប្រជាជនវិញតាមរយៈទំនិញ និងសេវាសាធារណៈរបស់រដ្ឋ។

ក៏ប៉ុន្តែ បើសិនមានពន្ធចាប់បង្ខំដោយសមហេតុផល រដ្ឋអាចមានហរិញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រជាជន ហើយបង្កើតបាននូវទំនោរយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាជនផងដែរ។ ជាមួយនេះរដ្ឋត្រូវការហរិញ្ញវត្ថុ ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួន។ តាមរយៈចំណូលពន្ធស្ថាប័នរបស់រដ្ឋអាចដំណើរការបានក្នុងការបំពេញភារកិច្ច និងការដឹកនាំដើម្បីផ្តល់ទំនិញ និងសេវាសាធារណៈ។

២. ដូចម្តេចដែលហៅថាពន្ធផ្ទាល់?

ចំ. ពន្ធផ្ទាល់ គឺជាប្រភេទពន្ធដែលរដ្ឋបាលកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គល ឬទ្រព្យសម្បត្តិ។  ទ្រព្យសម្បត្តិដែលជាប់ពន្ធរួមមានចលនទ្រព្យ និងអចលនទ្រព្យ។ រីឯបុគ្គលជាប់ពន្ធ រួមមានរូបវ័ន្តបុគ្គល និងនីតិបុគ្គលដែលមានស្ថានភាពគតិយុត្តិជាពាណិជ្ជករ អាជីវករ ឬកម្មសិទ្ធិករជាដើម។ ប្រភេទរបស់ពន្ធដារផ្ទាល់រួមមានដូចខាងក្រោម៖

 • ពន្ធលើប្រាក់ឈ្នួលផ្ទះ និងដីគឺជាប្រភេទពន្ធផ្ទាល់គិតលើប្រាក់ឈ្នួល ដែលទទួលបានមកពីការជួលផ្ទះ ឬដីធ្លី។ កម្មសិទ្ធករនៃអចលនទ្រព្យជួលមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ។
 • ពន្ធលើដីធ្លីមិនបានប្រើប្រាស់ (Tax on Unused land) គឺជាប្រភេទពន្ធផ្ទាល់ដែលគិតលើដីធ្លីទុកចោលទំនេរមិនប្រើប្រាស់។ កម្មសិទ្ធករនៃដីធ្លីមិនបានប្រើប្រាស់នោះ ដែលជាអ្នកកាន់កាប់នឹងគ្រប់គ្រង់អចលនទ្រព្យនោះដោយមានបណ្ណកម្មសិទ្ធស្របតាមបញ្ញត្ដិច្បាប់មានកាតព្វកិច្ចត្រូវបង់ពន្ធនេះ។
 • ពន្ធប្រថាប់ត្រា (Registration Tax) គឺជាប្រភេទពន្ធមួយដែលគិតលើការផ្ទរកម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់ក្រោមរូបភាពជាការទិញ-លក់ ការផ្ទេរពីម្នាក់ទៅម្នាក់ការដោះដូរនៃចលនទ្រព្យ និងអចលនទ្រព្យនោះមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ។
 • ពន្ធប៉ាតង់ (Patent Tax) គឺជាពន្ធដែលកំណត់លើសកម្មភាពអាជីវកម្មគ្រប់ប្រភេទ។ ពន្ធនេះប្រែប្រួលទៅតាមកម្រិតផលរបរសរុបប្រចាំឆ្នាំនៃការជួញដូរនោះ។ អាជីវករមានកាតព្វកិច្ចបង់ពន្ធលើសកម្មភាពអាជីវកម្មរបស់ខ្លួន។
 • ពន្ធលើប្រាក់បៀវត្ស (Tax on Salary) គឺជាប្រភេទពន្ធដែលយកដោយផ្ទាល់លើបៀវត្សរបស់បុគ្គលម្នាក់ៗ។ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវ័ន្ដបុគ្គលបានទទួលក្នុងក្របខណ្ឌនៃការបំពេញសកម្មភាពការងារ។
 • ពន្ធលើប្រាក់ចំណេញ (Tax On Profit) គឺជាប្រភេទពន្ធដែលយកទៅលើប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនដែលបានមកពីសកម្មភាពផលិតអាជីវកម្ម និងសេវាកម្មជាដើម។
 • ពន្ធអប្បបរមា (Minimum Tax) គីជាពន្ធមួយដាច់ដោយឡែកនិងផ្សេងពីពន្ធលើប្រាក់ចំណេញ ។ ពន្ធអប្បបរមានេះ ត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសលើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមអត្រា ១% លើផលរបរប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបនែ្ថម (VAT)។ ពន្ធនេះត្រូវបង់នៅពេលទូទាត់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។
 • ពន្ធតែមប្រឺ (Stamp Tax) គឺជាតម្លៃតែមប្រឺសារពើពន្ធ។
 • ពន្ធលើអចលនទ្រព្យ (Tax on Real Property) គឺជាពន្ធដែលត្រូវបានកំណត់ទៅលើអចលនទ្រព្យដូចជាដីផ្ទះ អគារ និងសំណង់ផ្សេងៗជាដើម។
 • ពន្ធសត្តឃាត (Slaughter Tax) គឺជាពន្ធដែលអនុវត្ដចំពោះការសម្លាប់គោ ក្របី និងជ្រូកដើម្បីយកសាច់។
 • ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (Tax on Means of Transportation and Vehicle)គឺជាពន្ធដេលអនុវត្ដលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។

៣. ដូចម្តេចដែលហៅថាពន្ធប្រយោល (Indirect Tax)?

ចំ. ពន្ធប្រយោល (Indirect Tax) គឺជាប្រភេទពន្ធដែលមានកម្មវត្ដុជាការប្រើប្រាស់ទំនិញ ឬសេវាកម្ម។ បន្ថែមពីលើនេះពន្ធប្រយោលគ្រប់ដណ្ដប់លើសកម្មភាពផលិតផងដែរ ពីព្រោះទំនិញត្រូវបានដាក់ឲ្យឆ្លងកាត់ចលនាផលិតកម្ម។

អ្នកប្រើប្រាស់ទំនិញ ឬសេវាកម្ម គឺជាបុគ្គលរងពន្ធមានន័យថាគាត់ត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ទំនិញ ឬសេវាកម្មដែលអ្នកលក់ ឬផ្គត់ផ្គង់ត្រូវប្រមូល និងបង់ជូនរដ្ធនាពេលក្រោយ។

ជាវិបាកអ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវបញ្ចូលពន្ធទៅក្នុងតម្លៃទំនិញ ឬតម្លៃសេវាកម្មនីមួយៗដោយបញ្ជក់ប្រាប់អ្នកប្រើប្រាស់ឲ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការប្រមូលពន្ធនេះបង់ជូនរដ្ធនាពេលក្រោយៗ។

ពន្ធប្រយោលត្រូវបង់ដោយមិនគិត ពីកម្រិតនៃផលទុនរបស់អ្នកណាឡើយ។ ពន្ធនេះប្រែបួលទៅតាមប្រភេទនៃផលិតផល ឬសេវាដែលបានប្រើប្រាស់។

ពន្ធប្រយោលរូមមានជាអាទិ៍ ៖

 • អាករបំភ្លឺសាធារណៈ (Public Light Tax) គឺជាប្រភេទពន្ធប្រយោលដែលគិតទៅលើតម្លៃស្រា និងបារីដែលអ្នកប្រើប្រាស់ មានកាតព្ធកិច្ចត្រូវបង់ហើយដែលត្រូវបង់ ហើយដែលត្រូវកាត់ទុកដោយអ្នកលក់ ដើម្បីបង់ជូនរដ្ធជាបន្ដនាពេលក្រោយទៀត។
 • អាករលើការស្នាក់នៅ (Accommodation Tax) គឺជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃសរុបនៃការជួលកន្លែងស្នាក់នៅដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់ និងដែលទទូលកាត់ទុកដោយអ្នកផ្គត់ផ្គង់ ដើម្បីបង់ជូនរដ្ឋជាបន្ដនាពេលក្រោយទៀត។
 • អាករលើផលរបរ (Tumover Tax) គឺជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជាពាណិជ្ជកម្មផលិតកម្ម អាជីវកម្ម និងសេវាកម្ម។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ធដោយអ្នកលក់។ អាករនេះអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ។
 • អាករពិសេសលើទំនិញ និងសេវាមូយចំនួន  (specific Tax on certain Merchandises and services)គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើមុខទំនិញ និងសេវាមូយចំនួន ដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ធជាបន្ដនាពេលក្រោយ។ ផ្ទុយពីអាករលើផលរបរអាករលើតម្លៃបន្ថែមនេះ អនុវត្ដចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យ ប្រកាសតែប៉ុណ្ណោះ។
 • ពន្ធនាំចេញនាំចូល ឬពន្ធគយ (Tax on import-export/customs and duties) គឺជាប្រភេទពន្ធប្រយោលដែលកម្រិតទៅលើទំនិញនាំចេញនាំចូលដោយឆ្លងកាតត់ច្រកព្រំដែន។ អ្នកនាំចេញអ្នកនាំចូលត្រូវប្រមូលពន្ធនេះពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋនាពេលក្រោយ។

៤. តើពន្ធមានមុខងារសំខាន់ប៉ុន្មានយ៉ាងនៅក្នុងសេដ្ឋកិច្ច?

ចំ. ពន្ធមានមុខងារសំខាន់ ៣ យ៉ាងនៅក្នុងសេដ្ឋកិច្ចដូចជាៈ

១. មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ

 • ពន្ធដារបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិការជាតិ។
 • រដ្ឋាភិបាលយកចំណូលពន្ធទៅទ្រទ្រង់ដល់ការចំណាយសាធារណៈនានា ដូចជាសង់សាលារៀន សង់មន្ទីរពេទ្យ ធ្វើផ្លូវថ្នល់ ធ្វើស្ពាន ធ្វើសួនច្បារ ធ្វើកន្លែងកម្សាន្ត។ល។
 • ការប្រមូលពន្ធបានច្រើនធានានូវនិរន្ដរភាពនៃការចំណាយរបស់រដ្ឋ។

២. មុខងាររបស់សេដ្ឋកិច្ចរបស់ពន្ធដារ

 • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ។
 • ពន្ធដារត្រូវបានគេចាត់ទុកថា ជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមរបស់សង្គម។
 • ពន្ធដារក៏បានដើរតួនាទីសំខាន់ផងដែរក្នុងការពង្រីងនឹងជម្រុញការអភិឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជះឥទ្ធិពលដល់ការផលិត និងការប្រើប្រាស់នៅក្នុងខឿនសេដ្ឋកិច្ច។
 • ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរដ្ឋ។ ពន្ធត្រូវបានចាត់ទុកថាជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយដើម្បីជាប្រយោជន៍រួមដល់សង្គម។ ពន្ធដារជះឥទិពលដល់សេដ្ឋកិច្ចពីរផ្នែកជាអាទិ៍៖
 • ផលិតកម្ម (production)៖ ពន្ធដារការពារឧស្សាហ៍កម្មក្នុងស្រុក។ ប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះចំណង់ ឬលទ្ធភាពនៃការវិនិយោគថយចុះ ក៍ប៉ុន្ដែប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះចំណង់ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ។
 • ការប្រើប្រាស់ (consumption)៖ ពន្ធដារជះឥទ្ធិពលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ ប្រសិនបើអត្រាពន្ធមានការប្រែប្រួល។ ប្រព័ន្ធពន្ធដែលល្អ គឺប្រព័ន្ធពន្ធដែលធ្វើឲ្យគម្លាតរវាងអ្នកមាន និងអ្នកក្រនៅជិតបំផុត។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ដូចជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃកម្រត្រូវបានគិតពន្ធ។

៣. មុខងារសង្គមរបស់ពន្ធដារ

 • ពន្ធដារក៍បានដើរតួនាទីផងដែរ ក្នុងការជួយលើកកម្ពស់សុខមាលភាពសង្គមជូនប្រជាពលរដ្ឋវិញទៅតាមលទ្ធភាពរបស់ប្រទេសនីមួយៗ។
 • ពន្ធជម្រុញឲ្យមានការអភិវឌ្ឍរដ្ឋបាលកណ្ដាល និងរដ្ធបាលថ្នាក់ក្រោមជាតិ។ ចំណូលពន្ធត្រូវបានចំណាយ សម្រាប់ការសាងហេដ្ធារចនាសម្ព័ន្ធសង្គម (ដូចជាសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្ដអារាម ទីធ្លាសាធារណៈ…) ការពង្រឹងសន្ដិសុខជាតិ ការបម្រើឲ្យវិស័យការពារជាតិ និងពង្រឹងប្រសិទ្ធភាពនៃសេវាសាធារណៈផ្សេងៗទៀត។
 • ជាវិបាកពន្ធដារជម្រុញការអភិវឌ្ឍរដ្ឋបាលកណ្ដាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បនែ្ថមលើសពីនេះទៀតពន្ធដារការពារសុខភាពរបស់មនុស្សបានជាក់ស្ដែងទំនិញដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សដូចជា ស្រា បារី ត្រូវបានបង្កើនពន្ធច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់។
 • សរុបមកពន្ធដារបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ រដ្ឋាភិបាលប្រមូលពន្ធ ដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រង់រដ្ឋ រួមទាំងសងបំណុលបរទេសផងដែរ។
 • ពន្ធដារបានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគីអ្នកមានចំណូលច្រើន ត្រូវបង់ពន្ធច្រើន ចំណែកឯអ្នកមានចំណូលតិចត្រូវបង់ពន្ធតិច។

៥. ដូចម្តេចដែលហៅថាគោលនយោបាយសារពើពន្ធ?

ចំ. គោលនយោបាយសារពើពន្ធសំដៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋ និងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ចក្នុងគោលបំណងជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌។ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជាៈ

 • ប្រសិទ្ធិភាពនៃការគ្រប់គ្រង និងកៀរគរចំណូល
 • ការធ្វើវិចារណកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យ បានសមស្រប។

គោលនយោបាយសារពើពន្ធរបស់ប្រទេសមួយគួរមានគោលដៅជាគោលការណ៍ចំនួន ៤ គឺៈ

 • ការបែងចែកធនធាន
 • ស្ថេរភាវូបនីយកម្ម
 • កិច្ចកំនើន
 • និងការចែកចាយនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យបានស្មើគ្នា។ តាមរយៈពន្ធ និងចំណាយសាធារណៈ រដ្ឋាភិបាលដើរតួនាទីសំខាន់ក្នុងការបែងចែកបណ្តាធនធាននៅក្នុងសេដ្ឋកិច្ច ជម្រុញ និងមិនជម្រុញខ្សែ   សង្វាក់ផលិតកម្មឲ្យកើន ឬមិនកើនឡើង។ ពន្ធចំណាយសាធារណៈ និងផលិតផលក្នុងស្រុកសរុបដែលបង្កើតឡើងដោយវិស័យសាធារណៈ។

៦. តើរដ្ឋធ្វើដូចម្តេចដើម្បីពង្រឹងការគ្រប់គ្រងគោលនយោបាយសារពើពន្ធ?

ចំ. ការពង្រឹងការគ្រប់គ្រងគោលនយោបាយសារពើពន្ធឲ្យបានសុក្រិត គឺសំដៅលើការកែលម្អប្រព័ន្ធពន្ធដារដែលរួមបញ្ចូលទាំងពន្ធក្នុងប្រទេស ទាំងពន្ធអាករនៃពាណិជ្ជកម្មអន្តរជាតិ ការកែលម្អរដ្ឋបាលពន្ធដារ និងការប្រមូលពន្ធ ការបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធរតនាគារ និងពង្រឹងវិន័យសារពើពន្ធ។ ជាមួយគ្នានេះរដ្ឋផ្តល់ការយកចិត្តទុកដាក់ទៅលើការកែលម្អកិច្ចអាទិភាវូបនីយកម្មសាធារណៈ ការបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង វិនិយោគផ្ទាល់ពីបរទេសនិងក្នុងការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តសម្រាប់ការវិនិយោគ និងការពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ។

កិច្ចការនេះរួមបញ្ចូលទាំងការអនុវត្តយ៉ាងម៉ត់ចត់នូវច្បាប់ស្តីពីសារពើពន្ធ ការប្រឆាំងនឹងអំពើពុករលួយ និងការគេចវេសពន្ធ ការលុបបំបាត់ការលើកលែងពន្ធ ដែលមិនមានកំណត់នៅក្នុងច្បាប់ការគ្រប់គ្រងដ៏ត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងធានាការគ្រប់គ្រង និងការធ្វើអាជីវកម្មប្រកបដោយចីរភាពលើធនធានធម្មជាតិ។ រាល់ប្រត្តិបត្តិការថវិការទាំងផ្នែកចំណូល និងចំណាយត្រូវតែធ្វើឡើយឲ្យស្របទៅនឹងវិធាន និងនីតិវិធីជាផ្លូវការ។ ចំពោះចំណាយត្រូវចាយឲ្យចំមុខសញ្ញាអាទិភាពនៃការអភិវឌ្ឍ។ ដាច់ខាតមិនត្រូវចាយឲ្យលើសពីធនធានដែលរកបានដើម្បីជៀសវាងការធ្វើហិរញ្ញប្បទានឳនភាពថវិកាតាមរយៈការយកលុយពីធនាគារជាតិ។

៧. តើគោលនយោបាយពន្ធមានគោលបំណងអ្វីខ្លះ?

ចំ. ក្នុងប្រទេសកំពុងអភិវឌ្ឍក៏ដូចជាប្រទេសដទៃទៀត គោលបំណងពន្ធក៏ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ស្ថាប័ន រដ្ឋ ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈចំពោះសង្គម។ គោលបំណងផ្សេងទៀត គឺជម្រុញការបែងចែកឡើងវិញនូវរាល់ចំណូល និងកំណែតម្រូវអសុក្រឹត្យភាពទីផ្សារ។ ដើម្បីសម្រេចគោលបំណងទាំងនេះ ទោះ ជាការយកពន្ធក្នុងកម្រិតណាក៏ដោយ សកម្មភាពនេះតែងតែមានបរិយាទានដែលមានចំណាយផ្ទាល់លើកិច្ចការរដ្ឋបាលប្រមូលពន្ធ និងចំណាយដោយប្រយោគជាមួយនឹងការបែងចែកខុសនៃប្រភពធនធាន ព្រមទាំងផលវិបាកពីការបែងចែកចំណូល និងឥទ្ធិពលនៃការយកពន្ធទៅលើដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។

៨. តើកិច្ចព្រមព្រៀងពន្ធអន្តរជាតិគឺជាអ្វី?

ចំ. កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាគឺជាកិច្ចព្រមព្រៀងទ្វេភាគីមានភាពស្មុគស្មាញដែលធ្វើឡើងក្នុងគោលដៅមួយចំនួនរួមមាន៖

 • លុបចោលនូវរបាំងពន្ធសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងប្រទេស
 • លុបចោល ឬបន្ថយការយកពន្ធត្រួតគ្នាទៅលើនិវាសជនដែលមាននិវាសដ្ឋាននៅក្នុងប្រទេសចុះកិច្ចសន្យាទាំងពីរ
 • ទប់ស្កាត់ និងប្រឆាំងអំពើចៀសវាងពន្ធ និងគេចវេសពន្ធ
 • បង្កើតយន្តការដោះស្រាយជម្លោះដែលកើតឡើងដោយការបង់ពន្ធត្រួតគ្នា
 • ធ្វើឲ្យមានភាពប្រាកដប្រជាក្នុងការបង់ពន្ធ
 • ធ្វើឲ្យមានការកាត់បន្ថយមូលដ្ឋាន និងអត្រាពន្ធមួយចំនួន
 • ធ្វើឲ្យមានការថយចុះចំណាយដើម្បីបំពេញកាតព្វកិច្ចបង់ពន្ធ
 • លើកទឹកចិត្តឲ្យមានការហូរចូលការវិនិយោគបរទេស
 • ផ្លាស់ប្តូរព័ត៌មានរវាងប្រទេសចុះកិច្ចព្រមព្រៀង
 • បែងចែក និងកំណត់សិទ្ធិ និងអធិបតេយ្យយកពន្ធរវាងប្រទេសដែលចុះកិច្ចព្រមព្រៀង។

៩. តើពន្ធមានឥទ្ធិពលអ្វីខ្លះដល់ផលិតផលក្នុងស្រុកសរុប?

ចំ. ផលិតផលក្នុងស្រុកសរុប = ការប្រើប្រាស់ + ការវិនិយោគ + ការចំណាយរដ្ឋាភិបាល + ការ​នាំចេញសុទ្ធ

 • ប៉ះពាល់មកលើការប្រើប្រាស់ៈ ពន្ធលើចំណូលបុគ្គល ពន្ធលើទំនិញប្រើប្រាស់
 • ប៉ះពាល់មកលើការវិនិយោគៈ ពន្ធលើប្រាក់ចំណេញ ពន្ធលើទំនិញដែលប៉ះពាល់លើបរិមាណទំនិញដែលត្រូវលក់
 • ប៉ះពាល់ការចំណាយរដ្ឋាភិបាលៈ អាចឲ្យរដ្ឋាភិបាលចាយថែម
 • ប៉ះពាល់ការនាំចេញសុទ្ធៈ ការបង់ពន្ធគយនាំចេញ-នាំចូល

១០. តើកំណែទម្រង់ពន្ធធ្វើឡើងដើម្បីអ្វី?

ចំ. កំណែទម្រង់ពន្ធធ្វើឡើងដើម្បីៈ

 • កំណែទម្រង់ពន្ធត្រូវបានបង្កើតឡើងសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយអសមភាពក្នុងការបែងចែកធនធាន
 • កំណែទម្រង់ពន្ធត្រូវបានធ្វើឡើងដើម្បីទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច និងសម្រាប់បង្កើនចំណូលសាធារណៈ

១១. តើកត្តាអ្វីខ្លះដែលនាំឲ្យមានកំណែទម្រង់ពន្ធ?

ចំ. មូលដែលនាំឲ្យមានកំណែទម្រង់ពន្ធរួមមានៈ

 • ចំណូលមិនគ្រប់គ្រាន់
 • ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនត្រូវញាំញីដោយឳនភាពសារពើពន្ធរ៉ាំរ៉ៃ និងដោយហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមមិនគ្រប់គ្រាន់។ ការបង្កើនចំណូលពន្ធផ្តល់ប្រាក់ចំណូលជាក់លាក់មួយសម្រាប់ដោះស្រាយបញ្ហាទាំងនេះ។
 • ស្ថិរភាពកំណើនសេដ្ឋកិច្ចៈ ការបង្កើនការយកពន្ធជារួមបង្កើតគុណវិបិត្តជាច្រើនក្នុងសេដ្ឋកិច្ច និងឈានដល់កាត់បន្ថយជាក់ស្តែងរបស់សង្គមច្រើនជាងបរិមាណ និងកាត់បន្ថយចំណូលជាក់ស្តែងរបស់រដ្ឋ។ ការកាត់បន្ថយចំណូល-ចំណាយនេះចាត់ទុកជាបរិយាទាននៃប្រសិទ្ធិភាពសេដ្ឋកិច្ចចំពោះការយកពន្ធ។
 • អសមធម៌ក្នុងការបែងចែកធនធានសង្គមៈ ដោយសារអ្នកក្រីក្រទទួលបន្ទុកធ្ងន់ធ្ងរច្រើនជាងអ្នកដែលមានជីវិភាពធូរធារដែលជាទូទៅបង់ពន្ធតិចតួចប៉ុណ្ណោះ ពីព្រោះចំណូលមួយថ្ងៃរបស់ពួកគេមិនមែនជាកម្រៃឈ្នួល ឬជាប្រាក់បៀវត្សច្រើន តែជាចំណូលបានមកពីការប្រកបការងារដោយខ្លួនឯង ឬចំណូលជាទំនិញមិនបានរាប់បញ្ចូលសម្រាប់យកពន្ធ ម្យ៉ាងទៀតដោយសារតែការកំណត់ ឬការគ្រប់គ្រងខ្សោយរបស់រដ្ឋាភិបាលពន្ធ។ នៅប្រទេសកំពុងអភិវឌ្ឍន៍ ការយកពន្ធលើក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ឬមានអំណាច ជារួមពុំសូវមានប្រសិទ្ធិភាពទេដោយសារតែការឃុតឃិតផ្សេងៗ ឬការមិនអនុវត្តន៍ច្បាប់។ ប្រការនេះ នាំឲ្យមានវិវាទរវាងអ្នកមាន និងអ្នកក្រកាន់តែឆ្ងាយឡើង ជាពិសេសនាំឱ្យមានអសមធម៌ក្នុងការរស់នៅដែលទីបំផុតនឹងធ្វើឲ្យបញ្ហាសង្គមកើនទ្វេឡើង បើសិនពុំមានកំណែទម្រង់នៃការបែងចែកនេះឲ្យបានច្បាស់លាស់ទេ។
 • បញ្ហារដ្ឋបាលៈ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ការគ្រប់គ្រងពន្ធនៅខ្សោយ ហើយបញ្ហាគេចវេសពន្ធ និងអំពើពុករលួយជាទូទៅមានលក្ខណៈធ្ងន់ធ្ងរ។ ភាពទន់ខ្សោយក្នុងការគ្រប់គ្រងពន្ធកើតចេញមកពីកត្តាទំនាក់ទំនងទៅវិញទៅមកជាច្រើនរួមមានៈ ច្បាប់ និងនីតិវិធីពន្ធស្មុគស្មាញខ្លួនឯង ប្រព័ន្ធព័ត៌មានខ្សោយ អំពើពុករលួយ និងឥទ្ធិពលនយោបាយក្នុងការគ្រប់គ្រង់ពន្ធ។ ការពង្រឹង និងពង្រីកការគ្រប់គ្រងពន្ធដែលទាមទារឲ្យបង្កលក្ខណៈងាយស្រួលដល់ការកំណត់មូលដ្ឋានគឺជាគោលដៅទីបួននៃកំណែទម្រង់ពន្ធ។

១២. តើយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមមានអភិក្រមផ្អែកលើគោលការណ៍ធំៗសំខាន់ប៉ុន្មាន? អ្វីខ្លះ?

ចំ. យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមមានអភិក្រមផ្អែកលើគោលការណ៍ធំៗសំខាន់ចំនួន ៤ គឺៈ

 • ប្រមូលឲ្យអស់លទ្ធភាពនូវសក្តានុពលចំណូលដែលមាននាពេលបច្ចុប្បន្ន
 • មិនបង្កើតប្រភេទពន្ធថ្មី
 • មិនដំឡើងអត្រាពន្ធ និងអាករលើកលែងតែនៅក្នុងករណីប៉ះប៉ូវដល់ការបាត់ចំណូល និងការការពារសុខភាព និង/ឬ ការការពារបរិស្ថាន និង
 • ធានាឲ្យបាននូវភាពងាយស្រួល សមធម៌ និងយុត្តិធម៌ ព្រមទាំងធានាប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រង់ និងប្រមូលចំណូល។

+ ផ្អែកលើគោលការណ៍ធំៗខាងលើ យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យមនឹងផ្តោតលើការងារកែទម្រង់ ៤ យ៉ាងគឺៈ

 • ការលើកកម្ពស់វប្បធម៌បង់ពន្ធ
 • ការកែលម្អការផ្តល់សេវាបង់ពន្ធ
 • ការកែលម្អរដ្ឋបាលសារពើពន្ធ និងមិនមែនសារពើពន្ធ
 • ការកែលម្អអភិបាលកិច្ចសារពើពន្ធ និងមិនមែនសារពើពន្ធ

១៣. តើអគ្គនាយកដ្ឋានពន្ធដារមានបេសកកម្មអ្វីខ្លះ?

ចំ. បេសកកម្មរបស់អគ្គនាយកដ្ឋានពន្ធដារមានដូចជាៈ

 • ផ្តល់សេវាដល់អ្នកជាប់ពន្ធរួមមានការផ្តល់ព័ត៌មាន អប់រំ ពន្យល់ណែនាំដើម្បីឲ្យអ្នកជាប់ពន្ធប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
 • អនុវត្តកម្មវិធីចាប់បង្ខំដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោសទណ្ឌតាមការកំណត់នៃបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
 • ប្រមូលចំណូលពន្ធតាមការអនុវត្តត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងបង់គ្រប់គ្រាន់នូវថវិកាជាតិ
 • ផ្តល់សេវា និងការអប់រំអ្នកជាប់ពន្ធដើម្បីធានាឲ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តត្រឹមត្រូវ
 • អនុវត្តកម្មវិធីចាប់បង្ខំប្រកបដោយប្រសិទ្ធិភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នាចំពោះអ្នកជាប់ពន្ធដែលមិនគោរពច្បាប់ និងបទប្បបញ្ញត្តិស្តីពីសារពើពន្ធ
 • អនុវត្តគោលការណ៍យុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានស្តីពីពន្ធដារ ដើម្បីបង្កើនជំនឿទុកចិត្តចំពោះរដ្ឋបាលសារពើពន្ធ
 • បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួនធ្វើឲ្យមានភាពសាមញ្ញចំពោះតម្រូវការផ្សេងៗ និងបន្ថយចំណាយរបស់អ្នកជាប់ពន្ធ
 • បង្កើនសមត្ថភាព ចំណេះដឹងដល់មន្ត្រីពន្ធដារជាប្រចាំដើម្បីបំពេញការងារឲ្យមានប្រសិទ្ធិភាព
 • បង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយកិច្ចដំណើរការងារល្អ និងប្រព័ន្ធការងារដែលមានភាពច្បាស់លាស់ ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។

១៤. តើអគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចអ្វីខ្លះ?

ចំ. អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចដូចតទៅៈ

 • រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលថវិកាជាតិ
 • រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
 • កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដោយផ្អែកលើការអង្កេត និងផ្គុំព័ត៌មាន
 • គណនា និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម ពន្ធប្រថាប់ត្រា ការប្រាក់ និងចំណូលផ្សេងៗ
 • កសាងកម្មវិធី និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
 • ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
 • អនុវត្តទោសទណ្ឌតាមច្បាប់ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដែលល្មើសបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
 • ចូលរួមគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ប្រចាំឆ្នាំនីមួយៗ។

១៥. ក្នុងប្រព័ន្ធពន្ធដារកម្ពុជា តើរំលស់មានប៉ុន្មានប្រភេទ? ចូរពន្យល់ពីវិធីរំលស់នីមួយៗ?

ចំ. ក្នុងប្រព័ន្ធពន្ធដារកម្ពុជា រំលស់មានពីរប្រភេទគឺរំលស់ស្មើភាគ និងរំលស់ថយចុះជាលំដាប់

 • វិធីរំលស់ស្មើភាគ គឺធ្វើឡើងតាមអាយុកាលនៃទ្រព្យ គឺយកតម្លៃប្រវត្តិសាស្រ្តចែកនឹងអាយុកាលនៃការប្រើប្រាស់។ ឧទាហរណ៍ អគារ និងសំណង់ផ្សេងៗមានអាយុកាលត្រូវរំលស់ ២០ ឆ្នាំស្មើនឹង ៥%
 • វិធីរំលស់ថយចុះជាលំដាប់ គឺធ្វើឡើងទៅតាមគណនីទ្រព្យសកម្មរួមគ្នាទៅតាមអត្រាដែលច្បាប់ពន្ធដារបានកំណត់ ៥០%,​ ២៥%​ និង ២០%។

១៦. តើពន្ធលើប្រាក់បៀវត្សកំណត់ទៅលើអ្វី? តើការកំណត់ពន្ធលើប្រាក់បៀវត្សធ្វើឡើងតាមវិធីដូចម្តេច?

ចំ. ពន្ធលើប្រាក់បៀវត្សកំណត់លើប្រាក់បៀវត្សជាប់ពន្ធរបស់និយោជិត

 • ពន្ធលើប្រាក់បៀវត្សត្រូវបានប្រមូលដោយវិធីកាត់ទុកដោយវិនិយោជកនៅពេលបើកប្រាក់បៀវត្ស។ និយោ ជកត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធលើបៀវត្សយ៉ាងយឺតបំផុតនៅថ្ងៃទី ២០ នៃខែបន្ទាប់ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។

១៧. តើអាករលើតម្លៃបន្ថែម (VAT) ជាប្រភេទអាករកំណត់លើអ្វី? ចូររៀបរាប់អំពីវិធីគណនាប្រភេទអាករនេះ?

ចំ. អាករលើតម្លៃបន្ថែម (VAT) ជាប្រភេទអាករកំណត់លើការផ្គត់ផ្គង់ទំនិញ និងសេវា

 • ដើម្បីគណនាប្រាក់អាករនេះ ត្រូវយកអាករលើធាតុចេញ (អាករដែលបុគ្គលជាប់អាករគិតយកពីអតិថិជនពេលផ្គត់ផ្គង់ទំនិញ ឬសេវា) ដកអាករលើធាតុចូល (អាករដែលបុគ្គលជាប់អាករបានបង់លើទំនិញ ឬសេវាដើម្បីប្រកបអាជីវកម្ម)។

១៨. នៅព្រះរាជាណាចក្រកម្ពុជា តើអាករពិសេសត្រូវយកលើមុខទំនិញ និងសេវាអ្វីខ្លះ? ដោយមូលហេតុអ្វីខ្លះ?

ចំ. នៅព្រះរាជាណាចក្រកម្ពុជា អាករពិសេសត្រូវបានប្រមូលលើមុខទំនិញ និងសេវាដូចខាងក្រោមៈ

 • ម៉ូតូ រថយន្ត ប្រេងឥន្ធនៈគ្រប់ប្រភេទ ឬផលិតផលតេលសេលា ស្រាបៀរ ស្រាបារី ថ្នាំជក់ គ្រឿងក្រអូប គ្រឿងសម្អាងការ ភេសជ្ជៈផ្សេងៗ សេវាលំហែកម្សាន្ត សេវាដឹកជញ្ជូនផ្លូវអាកាស សេវាទូរស័ព្ទ
 • មូលហេតុនៃការប្រមូលអាករពិសេសគឺដើម្បីបង្កើនចំណូលលើការប្រើប្រាស់ទំនិញ ឬសេវាដែលមាន លក្ខណៈប្រណិត ឬមិនចាំបាច់ក្នុងជីវភាពរស់នៅ ឬទំនិញដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាព។

១៩. ប្រសិនបើអ្នកជាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យចំណូលពន្ធដារកើនឡើង?

ចំ. ប្រសិនបើខ្ញុំជាអ្នកដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើឲ្យចំណូលពន្ធកើនឡើងខ្ញុំត្រូវៈ

 • កាសាងគោលនយោបាយ និងច្បាប់ស្តីពីពន្ធដារឲ្យបានល្អ
 • បណ្តុះបណ្តាលមន្ត្រីពន្ធដារឲ្យមានសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវក្នុងការផ្តល់សេវា
 • អប់រំណែនាំឲ្យអ្នកជាប់ពន្ធយល់ច្បាស់អំពីកាតព្វកិច្ច និងការបង់ពន្ធរបស់ខ្លួន
 • ផ្តល់សេវាឲ្យបានល្អប្រសើរដល់អ្នកជាប់ពន្ធ
 • ធ្វើសវនកម្មដើម្បីធានាភាពត្រឹមត្រូវនៃការប្រកាសបង់ពន្ធរបស់អ្នកជាប់ពន្ធ
 • ចាត់វិធានការក្តៅត្រជាក់ដល់អ្នកជាប់ពន្ធដែលជាប់បំណុលពន្ធ ទូទាត់បំណុលឲ្យបានទាន់ពេល
 • ចាត់វិធានការក្តៅត្រជាក់ដល់អ្នកជាប់ពន្ធដែលគេចវេសមិនបង់ពន្ធជូនរដ្ឋ។

២០. តើវិស័យអចលនទ្រព្យបានចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដូចម្តេចខ្លះ?

ចំ. វិស័យអចលនទ្រព្យបានចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដូចជាៈ

 • កាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសដែលជាមូលហេតុធ្វើឲ្យកម្ពុជាខ្វះខាតកម្លាំងពលកម្ម
 • បង្កើនការងារ មុខរបរ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ
 • កាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើ
 • លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជន
 • ជម្រុញការវិនិយោគ ចំណូលពន្ធកើនឡើង ជម្រុញកំណើនសេដ្ឋកិច្ច
 • ប្រជាពលរដ្ឋមានលទ្ធភាពទទួលបាននូវលំនៅដ្ឋានរស់នៅផ្ទាល់ខ្លួន និងសមរម្យ។

២១. តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមអ្វីខ្លះ?

ចំ. រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមដូចជាៈ

 • លើកទឹកចិត្តដល់ការរីកលូតលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យមជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យម និងរយៈពេលវែង។
 • ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ
 • កាត់បន្ថយបែបបទនៃការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន
 • សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគស្មាញមានដូចជាអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ។
 • ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួនក្នុងរយៈពេលសម្របសម្រួលមួយ
 • ជម្រុញសម្ព័ន្ធភាពរវាងសហគ្រាសខ្នាតតូច និងខ្នាតមធ្យមជាមួយឧស្សាហកម្មធុនធំ
 • ជម្រុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និងមធ្យមតាមរយៈការលើកកម្ពស់ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម
 • បង្កើតវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនឹងជួយធានាមានគុណភាពផលិតផលក្នុងប្រទេសអាចឆ្លើយតបបាន ទៅនឹងស្តង់ដារក្នុងតំបន់ និងអន្តរជាតិ
 • បង្កើតមន្ទីរពិសោធន៍ផ្នែករូប គីមី មីក្រូជីវ មេកានិច និងការធ្វើតេស្តដែលអាចកំណត់បានលើគុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល
 • ពង្រឹងប្រព័ន្ធច្បាប់ដោយច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្ម ឧស្សាហកម្ម ច្បាប់សុវត្ថិភាព ច្បាប់រង្វាស់រង្វាល់។

២២. ពន្ធលើអចលនទ្រព្យគឺជាអ្វី? តើបញ្ហាប្រឈមពន្ធលើអចលនទ្រព្យមានអ្វីខ្លះ?

ចំ. ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១០ បានកំណត់ថាការប្រមូលពន្ធអចលនទ្រព្យមានវិសាលភាពអនុវត្តទូទាំងព្រះរាជាណាចក្រកម្ពុជាចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០ លានរៀលតាមអត្រាពន្ធ ០.១% និងមូលដ្ឋានគិតពន្ធត្រឹមតែ ៨០% នៃតម្លៃអចលនទ្រព្យសរុប។ ប្រភេទពន្ធនេះចាប់អនុវត្តក្នុងឆ្នាំ ២០១១ សម្រាប់ថវិការាជធានី/ខេត្តជាមួយនឹងការលើកលែងពន្ធមួយចំនួន។

+ ការប្រមូលពន្ធអចលនទ្រព្យនៅមានបញ្ហាមួយចំនួនដូចជាៈ

 • ពន្ធអចលនទ្រព្យអនុវត្តតែទៅលើអចលនទ្រព្យនៅក្នុងភូមិសាស្រ្តខណ្ឌនៃរាជធានីភ្នំពេញ និងក្រុងនៃខេត្តដែលមិនទាន់អនុវត្តបានទូទាំងប្រទេសនៅឡើយ។
 • អចលនទ្រព្យមួយចំនួននៅមិនទាន់ប្រកាសបង់ពន្ធនៅឡើយ។
 • ប្រភេទពន្ធអចលនទ្រព្យនេះមិនទាន់បានធ្វើសវនកម្ម និងមិនទាន់មានការដាក់ទោសទណ្ឌចំពោះម្ចាស់អចលនទ្រព្យដែលមិនទាន់បានប្រកាស និងបង់ពន្ធនៅឡើយ។
 • មិនទាន់មានការសហការពេញលេញជាមួយក្រសួងស្ថាប័នពាក់ពន្ធដូចជា ក្រសួងរៀបចំដែនដីនគររូបនីយ កម្ម និងសំណង់ និងអាជ្ញាធរដែនដី។

*ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ វិធានការចាំបាច់មួយចំនួនត្រូវបានដាក់ចេញដូចខាងក្រោមៈ

+ វិធានការរយៈពេលខ្លី

 • ចុះធ្វើសវនកម្ម និងអនុវត្តតាមច្បាប់ចំពោះម្ចាស់អចលនទ្រព្យដែលបានប្រកាសបង់ពន្ធមិនត្រឹមត្រូវ​ និងមិនទាន់ដាក់លិខិតប្រកាសបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួននៅឡើយ។
 • ពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធពិសេសអាជ្ញាធរមូលដ្ឋានក្នុងការប្រមូលពន្ធលើអចលនទ្រព្យ។
 • កែលម្អសេវា និងផ្តល់ការសម្រួលដល់អ្នកជាប់ពន្ធ ពិសេសរៀបចំយន្តការបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមប្រព័ន្ធធនាគារ និងប្រព័ន្ធអេឡិចត្រូនិច។

*វិធានការរយៈពេលមធ្យម

 • ពង្រីកវិសាលភាពប្រមូលពន្ធលើអចលនទ្រព្យដល់ទីប្រជុំជនស្រុក ទីប្រជុំជនសំខាន់ៗ និងតំបន់អភិវឌ្ឍតាមព្រំដែន និងបន្តបន្ទាប់ទូទាំងប្រទេស។
 • កែលម្អលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការប្រមូលពន្ធលើអចលនទ្រព្យ។

២៣. តើពន្ធអចលនទ្រព្យត្រូវលើកលែងលើអចលនទ្រព្យប្រភេទណាខ្លះ?

 • ពន្ធអចលនទ្រព្យត្រូវបានលើកលែងចំពោះអចលនទ្រព្យដូចខាងក្រោមៈ

ក. អចលនទ្រព្យដែលជាដីធ្លីកសិកម្ម

ខ. អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាល

គ. អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែលៈ

– ត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌

– គ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន

ឃ. អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មកាទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

២៤. តើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?

ចំ. អ្នកជាប់ពន្ធលើអចលនទ្រព្យសំដៅដល់រូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយដូចខាងក្រោមៈ

 • កម្មសិទ្ធិករៈ កម្មសិទ្ធិករ គឺជារូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលមានបណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
 • អ្នកកាន់កាប់ៈ អ្នកកាន់កាប់ គឺជារូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលកាន់កាប់អចលនទ្រព្យ ប៉ុន្តែមិនមានបណ្ណ សម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី។
 • អ្នកទទួលផលប្រយោជន៍ចុងក្រោយៈ អ្នកទទួលផលប្រយោជន៍ចុងក្រោយសំដៅរូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយលើអចលនទ្រព្យ។

២៥. តើពន្ធលើប្រាក់ចំណូលគឺជាអ្វី?

ចំ. ពន្ធលើប្រាក់ចំណូល គឺជាបំណុលរបស់បុគ្គលនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។

២៦. ដូចម្តេចដែលហៅថាប្រាក់ចំណូលជាប់ពន្ធ?

ចំ. ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ រួមបញ្ចូលទាំងចំណេញមូលធន ដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ការប្រាក់ថ្លៃឈ្នួល និងសួយសារព្រមទាំងប្រាក់ចំណូលពីទ្រព្យសកម្មហរិញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគរាប់ទាំងអចលនទ្រព្យ ទ្រព្យហរិញ្ញវត្ថុ ឬទ្រព្យវិនិយោគដែលរូបវ័ន្តបុគ្គល ឬនីតិបុគ្គលសម្រេចបានមកពីប្រតិបត្តិការនានា ក្រៅពីប្រតិបត្តិការអាជីវកម្ម។

២៧. តើប្រាក់ចំណូលអ្វីខ្លះដែលត្រូវលើកលែងពន្ធលើប្រាក់ចំណូល?

ចំ. ប្រាក់ចំណូលដែលត្រូវលើកលែងពន្ធលើប្រាក់ចំណូលមានដូចជាៈ

ក. ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល

ខ. ប្រាក់ចំណូលរបស់អង្គការណាមួយដែល៖

-​ ត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្រ្ត

អក្សរសាស្រ្ត ឬអប់រំ

– គ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន

គ​. ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្មក្នុងករណីដែលប្រាក់ចំណូល

របស់អង្គការទាំងនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវ័ន្តបុគ្គល

ឃ. ប្រាក់ចំណេញដែលបានពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធតាមរបបពិត

ផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទម្លាប់នៃការ

ងារកសិកម្ម។ ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃ ការរក្សាគុណភាព ការវេចខ្ចប់

សម្រាប់លក់ពុំត្រូវបានចាត់ទុកជាទម្លាប់នៃការងារកសិកម្មឡើយ។

ង. ភាគលាភដែលទទួលបានមកពីសហគ្រាសនិវាសនជន

២៨. តើអត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានអ្វីខ្លះ? ចូររៀបរាប់?

ចំ. អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅៈ

 • ២០% ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល
 • ៣០% ចំពោះប្រាក់ចណូលដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន

ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា។

 • ៩% ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាសម្រាប់រយៈពេលអន្តរកាល ៥ ឆ្នាំ ដោយគិតចាប់ពីថ្ងៃប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
 • 0% ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រោមស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីដែលគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានបំពេញតាមការតម្រូវរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។
 • តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោម ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយរូបវ័ន្តបុគ្គល និងចំណែកដែលត្រូវបែងចែកឲ្យសមាជិកម្នាក់ៗរបស់ក្រុមអាជីវកម្មដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គលៈ

ភាគនៃប្រាក់ចំណូលប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ                                          អត្រាពន្ធ

ពី ០៛                           ដល់ ១២,០០០,០០០៛                                                ០%

ពី ១២,០០០,០០១៛        ដល់ ១៨,០០០,០០០៛                                                 ៥%

ពី ១៨,០០០,០០១៛         ដល់ ១០២,០០០,០០០៛                                              ១០%

ពី ១០២,០០០,០០១៛      ដល់ ១៥០,០០០,០០០៛                                              ១៥%

លើសពី ១៥០,០០០,០០០៛                                                                            ២០%

 • សិទ្ធិ បុព្វសិទ្ធិ និងសិទ្ធិដទៃទៀតដែលគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានទទួលក្រោមច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មិនអាចផ្ទេរ ឬប្រគល់ជូនតតិយជនណាមួយឡើយ លើកលែងតែក្នុងករណីទិញ ឬរំលាយបញ្ចូលគ្នា។

+ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល

 • សហគ្រាសដែលជាប់ពន្ធលើប្រាក់ចំណូលតាមរបបពិតរួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប់ពន្ធលើប្រាក់ចំណូលតាមអត្រា ៩% មានកាតព្វកិច្ចបង់ប្រាក់រំដោះប្រចាំខែសម្រាប់ពន្ធលើប្រាក់ចំណូលតាមអត្រា ១% នៃផលរបររួមបញ្ចូលទាំងពន្ធអាករទាំងអស់វៀរលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន។ ប្រាក់រំដោះនឹងត្រូវបានយកមកកាត់កងពីពន្ធលើប្រាក់ចំណូលនៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។

២៩. តើការចុះបញ្ជីពន្ធដារសំដៅទៅលើអ្វី? តើអ្នកជាប់ពន្ធត្រូវចុះបញ្ជីដូចម្តេច?

ចំ. ការចុះបញ្ជីពន្ធដារសំដៅដល់ការចុះបញ្ជី អ្នកជាប់ពន្ធទាំងឡាយដែលធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

 • បុគ្គលទាំងឡាយ ដែលជាអ្នកជាប់ពន្ធត្រូវទៅចុះបញ្ជីក្នុងរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច ឬក្រោយពីពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ។
 • បុគ្គលទាំងឡាយដែលមានកាតព្វកិច្ចចុះបញ្ជីត្រូវធ្វើការស្នើសុំចុះបញ្ជីដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬតាមប្រព័ន្ធអេឡិចត្រូនិក (E-registration) ដោយត្រូវបំពេញទម្រង់ចុះបញ្ជីដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ និងតម្រូវឲ្យភ្ជាប់មកជាមួយនូវឯកសារដូចមានកំណត់ក្នុងប្រការ ៧ នៃប្រកាសស្តីពីការចុះបញ្ជី។

៣០. តើពន្ធកាត់ទុកត្រូវបានកំណត់ទៅលើអ្វី? តាមអត្រាប៉ុន្មានភាគរយទៅលើអ្វីខ្លះ?

ចំ. ពន្ធកាត់ទុកត្រូវបានកំណត់ដូចតទៅៈ

+ អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឲ្យដល់អ្នកជាប់ពន្ធនិវាសនជនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធៈ

 • អត្រា ១៥% ចំពោះ
 • ប្រាក់ចំណូលដែលរូបវ័ន្តបុគ្គលបានទទួលពីការបំពេញសេវានានារួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ឬសេវាប្រហាក់ប្រហែល
 • សួយសារពីទ្រព្យអរូបី និងភាគកម្មក្នុងធនធានរ៉ែ​ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឲ្យទៅអ្នកជាប់ពន្ធនិវាសនជន
 • អត្រា ១០% ចំពោះប្រាក់ចំណូលពីការជួលអចលនទ្រព្យ ឬអចលនទ្រព្យ
 • អត្រា ៦% ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ទៅឲ្យអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីបញ្ញើមានការកំណត់
 • អត្រា ៤% ចំពោះការប្រាក់ដែលធនាគារចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឲ្យទៅអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីសន្សំគ្មានការកំណត់

+ ការកាត់ទុកក្នុងមាត្រានេះមិនត្រូវអនុវត្តទេចំពោះការប្រាក់ដែលបង់ឲ្យទៅធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា ៩ ថ្មីនៃច្បាប់នេះ។

+ អ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មដែលទូទាត់ប្រាក់ចំណូលខាងក្រោមនេះឲ្យទៅអ្នកជាប់ពន្ធអនិ វាសនជនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធចំនួន ១៤% នៃទឹកប្រាក់ត្រូវបើកដូចជាៈ

 • ការប្រាក់
 • សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិន និងការប្រើប្រាស់ទ្រព្យសម្បត្តិ
 • ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានាដែលនឹងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
 • ភាគលាភ

៣១. តើពន្ធអប្បរមាគឺជាអ្វី?

ចំ. ពន្ធអប្បរមា ជាពន្ធមួយដាច់ដោយឡែក និងផ្សេងៗពីពន្ធលើប្រាក់ចំណូល។ ពន្ធនេះត្រូវបង់ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសលើកលែងតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមអត្រា ១% លើផលរបរប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានាវៀរលែងតែអាការលើតម្លៃបន្ថែម។ ពន្ធនេះត្រូវបានបង់នៅពេលទូទាត់ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ហើយអាចត្រូវបានកាត់បន្ថយដោយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

៣២. ដូចម្តេចដែលហៅថាអាករលើតម្លៃបន្ថែម?

ចំ. អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញ ឬសេវាឲ្យអតិថិជន។

ទំនិញសំដៅដល់ទ្រព្យរូបីក្រៅពីដីធ្លី និងប្រាក់កាស រីឯសេវាសំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។

+ ផ្គត់ផ្គង់ជាប់អាករសំដៅដល់ៈ

 • ការផ្គត់ផ្គង់ទំនិញ ឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
 • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
 • ការផ្តល់ជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃពិតនូវទំនិញ ឬសេវាដោយបុគ្គលជាប់អាករ
 • ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា

+ ការផ្គត់ផ្គង់មិនជាប់អាករសំដៅដល់ៈ

 • សេវាប្រៃសណីយ៍សាធារណៈ
 • សេវារបស់មន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
 • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងជារបស់រដ្ឋ
 • សេវាធានារ៉ាប់រង
 • សេវាជាមូលដ្ឋានខាងហរិញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
 • ការនាំចូលសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួចពន្ធគយក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
 • ការនាំចូល និងការទិញទំនិញសម្រាប់ ឬដោយបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន

+ អត្រាអាករលើតម្លៃបន្ថែមមានៈ

 • ១០% សម្រាប់ការនាំចូល ឬការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
 • ០% សម្រាប់ការនាំចេញ

+ ការគណនាប្រាក់អាករត្រូវបង់

 • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវាសម្រាប់ប្រកបអាជីវកម្មហៅថា “អាករលើធាតុចូល”
 • ប្រាក់អាករដែលគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា “អាករលើធាតុចេញ”
 • ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ – អាករលើធាតុចូល

+ អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានអាករដែលបាត់បង់លើ

 • ចំណាយទទួលភ្ញៀវ ការកម្សាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកម្សាន្ត ឬការសម្រាកលំហែ
 • ការទិញ ឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
 • ការទិញ ឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ផលិតផលតេលសិលាទាំងនោះ។

 

៣៣. តើអាករលើការស្នាក់នៅជាប្រភេទអាករកំណត់លើអ្វី? តើអាករស្នាក់នៅត្រូវកំណត់តាមអត្រាប៉ុន្មាន?

ចំ. អាករលើការស្នាក់នៅត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារដែលជាប់ពន្ធក្នុងរបបស្វ័យ ប្រកាសសម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។

 • អាករស្នាក់នៅត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាសសម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ
 • អាករស្នាក់នៅត្រូវបានកំណត់យកអត្រា ២% លើថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារដោយរួមបញ្ចូលទាំងពន្ធ អាករ និងបន្ទុកសេវាផ្សេងៗ (Service Charge) លើកលែងតែអាករលើការស្នាក់នៅខ្លូនឯង និងអាករលើតម្លៃបន្ថែម។ កាលបរិច្ឆេទបង់អាករយឺតបំផុតថ្ងៃទី ២០ នៃខែបន្ទាប់។ សណ្ឋាគារ សំដៅលើការផ្គត់ផ្គង់សេវាស្នាក់នៅមានលក្ខណៈជាបន្ទប់គ្រែ និងមាននូវសម្បទាន និងសេវាផ្សេងៗទៀតទៅតាមប្រភេទនៃមូល ដ្ឋានស្នាក់នៅដូចជាៈ
 • សណ្ឋាគារៈ អាករស្នាក់នៅដែលផ្តល់សេវាស្នាក់នៅពេញលេញមានភោជនីយដ្ឋាន សេវាបម្រើអាហារ សេវាបោកគក់…
 • សណ្ឋាគារអាផាតម៉ិនៈ សណ្ឋាគារដែលមានបំពាក់សម្ភារផ្ទះបាយ និងមានបន្ទប់ទទួលភ្ញៀវ
 • សណ្ឋាគារស្វីតៈ សណ្ឋាគារបន្ទប់ទាំងអស់សុទ្ធតែស្វីត
 • សណ្ឋាគាររីសតៈ សណ្ឋាគារដែលសង់ក្នុងតំបន់ទេសចរណ៍
 • ម៉ូតែលៈ អគារដែលមានទីតាំងស្ថិតនៅតំបន់សម្រាកវិស្សមកាល
 • បឹងកាឡូៈ អគារមានបន្ទប់ដេក បន្ទប់ទទួលភ្ញៀវ ចំណតរថយន្ត
 • ផ្ទះសំណាក់ ឬផ្ទះភ្ញៀវៈ អគារទទួលភ្ញៀវគ្រប់ប្រភេទ
 • កន្លែងបោះជំរុំទេសចរណ៍ៈ កន្លែងបង្កើតក្នុងតំបន់ទេសចរណ៍
 • កន្លែងស្នាក់នៅដទៃទៀតដែលមានលក្ខណៈប្រហាក់ប្រហែល
+ សណ្ឋាគារមិនរួមបញ្ចូលផ្ទះជួល ឬផ្ទះល្វែងជួលក្នុងរយៈពេលខ្លី ឬវែង

៣៤. តើកាតព្វកិច្ច និងសិទ្ធិអ្នកជាប់ពន្ធមានអ្វីខ្លះ?

ចំ. កាតព្វកិច្ចរបស់អ្នកជាប់ពន្ធៈ

 • ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ
 • ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទបញ្ញត្តិស្តីពីពន្ធដារ
 • បង់ពន្ធតាមកាលបរិច្ឆេទកំណត់
 • កាន់កាប់ថែរក្សា និងត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ
 • បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាល សារពើពន្ធ
 • បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមានចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ
 • ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ
 • ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច

+ សិទ្ធិរបស់អ្នកជាប់ពន្ធ

 • ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ
 • ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងមានការជួយពន្យល់ណែនាំឲ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារ នីតិវិធីសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ
 • ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធចំពោះកិច្ចការសារពើពន្ធ
 • ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
 • បង់ពន្ធមិនឲ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់
 • មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើសដើម្បីផ្តល់យោបល់អំពីកិច្ចការ សារពើពន្ធ
 • ទទួលបានការអនុវត្តដោយមានតម្លាភាព និងមិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ
 • ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ

៣៥. តើមន្ត្រីរាជការត្រូវមានវិន័យអ្វីខ្លះ?

ចំ. មន្ត្រីរាជការត្រូវមានវិន័យដូចជាៈ

 • គោរព អនុវត្តច្បាប់ និងបទបញ្ជា និងការណែនាំរបស់ថ្នាក់លើ
 • ទទួលខុសត្រូវចំពោះមុខថ្នាក់លើ អំពីកិច្ចការរបស់ខ្លួន
 • មកបំពេញការងារទៀងទាត់
 • មិនត្រូវអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត
 • មិនយកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត
 • មិនយកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើដើម្បីទាញយកប្រយោជន៍អ្វីមួយ ឬដើម្បីសំឡុតគំរាមគំហែង បំពានសិទ្ធិរបស់ពលរដ្ឋ។
 • ហាមប្រកបមុខរបរណាដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ។
 • ហាមចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬដោយប្រយោល។
 • ហាមប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការក្នុងករណី ដែលលក្ខន្តិកៈដោយឡែកនៃអង្គនីមួយៗហាមឃាត់។

៣៦. តើ សេវាកម្ម E-Tax services របស់អគ្គនាយកដ្ឋានពន្ធដារមានអ្វីខ្លះ?

ចំ. សេវា​កម្ម E-Tax services របស់អគ្គនាយកដ្ឋានពន្ធដារមានដូចជាៈ

 • បង់ពន្ធសហគ្រាស
 • ចុះបញ្ជីសហគ្រាស
 • បង្វិលសងអាករលើតម្លៃបន្ថែម
 • កម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ (GDT Live Chat)
 • ការបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិករបស់អគ្គនាយកដ្ឋានពន្ធដារ (E-Payment)

៣៧.​ តើផលវិជ្ជមានពីការយកពន្ធរបស់រដ្ឋលើបុគ្គល អង្គការ និងក្រុមហ៊ុនមានអ្វីខ្លះ?

ចំ. ផលវិជ្ជមានពីការយកពន្ធរបស់រដ្ឋលើបុគ្គល អង្គការ និងក្រុមហ៊ុនមានដូចជាៈ

 • ការយកពន្ធធ្វើឲ្យអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍប្រទេសជាតិហើយមានអារម្មណ៍ថាខ្លួនឯងជាផ្នែកមួយរបស់ប្រទេស និងមានការទទួលខុសត្រូវចំពោះប្រទេសជាតិ
 • ថវិការដែលបានមកពីការយកពន្ធ គឺជាប្រភពចំណូលមួយដ៏សំខាន់នៃថវិការដ្ឋ ហើយរដ្ឋអាចប្រើប្រាស់ថវិកាទាំងនេះ ដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងទ្រទ្រង់ដល់សេវាសាធារណៈ
 • ថវិកាដែលបានពីការយកពន្ធ រដ្ឋអាចយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាៈ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
 • ការយកពន្ធជួយទ្រទ្រង់ស្ថេរភាពសេដ្ឋកិច្ច និងកាត់បន្ថយអសមត្ថភាពក្នុងការបែងចែកធនធាននៅក្នុងសង្គម
 • ការយកពន្ធ គឺជាការលើកទឹកចិត្ត ឬបង្អាក់ទឹកចិត្តវិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋចង់ទប់ស្កាត់

៣៨. តើផលអវិជ្ជមានពីការយកពន្ធរបស់រដ្ឋលើបុគ្គល អង្គការ និងក្រុមហ៊ុនមានអ្វីខ្លះ?

ចំ. ផលអវិជ្ជមានពីការយកពន្ធរបស់រដ្ឋលើបុគ្គល អង្គការ និងក្រុមហ៊ុនមានដូចជាៈ

 • ការយកពន្ធអាចជាឧបសគ្គក្នុងការទាក់ទាញ ឬរារាំងការវិនិយោគ ឬការធ្វើអាជីវកម្ម ផលិតកម្ម ឬសេវាកម្ម
 • ការយកពន្ធអាចប៉ះពាល់ដល់តម្លៃទំនិញ និងសេវា
 • ការយកពន្ធប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន
 • ជាទូទៅ ទម្រង់បែបបទពន្ធមានភាពស្មុគស្មាញ និងពិបាកយល់
 • ការយកពន្ធអាចប៉ះពាល់ដល់ការវិនិយោគ និកម្មភាព និងសេដ្ឋកិច្ច
 • ការយកពន្ធអាចរាំងស្ទះដល់ការអភិវឌ្ឍន៍

៣៩. តាមប្រកាសលេខ ១៨១៦ សហវ.ប្រក តើរបបពន្ធមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ចំ. តាមប្រកាស ១៨១៦ សហវ.ប្រក របបពន្ធមានតែមួយប្រភេទប៉ុណ្ណោះ គឺរបបស្វ័យប្រកាស ដែលចែកចេញជា ៣ ចំណាត់ថ្នាក់ៈ

១. អ្នកជាប់ពន្ធតូច

២. អ្នកជាប់ពន្ធមធ្យម

៣. អ្នកជាប់ពន្ធធំ

+ ចំពោះអ្នកជាប់ពន្ធតូច

 • មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល
 • មានផលរបររយៈពេល ៣ ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០ លានរៀលឡើងទៅ
 • ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវារួមទាំងភាស៊ី

+ ចំពោះអ្នកជាប់ពន្ធមធ្យម

 • មានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀល ដល់ ២,០០០ លានរៀល
 • សហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល
 • ស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ សមគម និងអង្គការមិនមែនរដ្ឋាភិបាល

+ ចំពោះអ្នកជាប់ពន្ធធំ

 • មានផលរបរប្រចាំឆ្នាំលើសពី ២,០០០ លានរៀល
 • សាខាក្រុមហ៊ុនបរទេស
 • សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
 • ស្ថាប័នរដ្ឋ បេសកកម្មកុងស៊ុលបរទេស​ និងទូត អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេក ទេសរបស់រដ្ឋាភិបាលនានា

៤០. តើមានមធ្យោបាយអ្វីខ្លះដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារ?

ចំ. ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារមានមធ្យោបាយដូចជាៈ

 • ពង្រឹងសមត្ថភាពមន្ត្រីពន្ធដារឲ្យមានចំណេះដឹង ជំនាញ ទាក់ទងទៅនឹងទស្សនទានពន្ធដារ គោលនយោបាយពន្ធ ទំនាក់ទំនងពន្ធ និងអថេរម៉ាក្រូសេដ្ឋកិច្ចនានា ព្រមទាំងគោលការណ៍សន្ធិសញ្ញា និងបញ្ហាពន្ធនៅលើពិភពលោក។
 • អភិវឌ្ឍសមត្ថភាពស្ថាប័នក្នុងការវិភាគ និងប៉ាន់ប្រមាណចំណូល ព្យាករណ៍ និងបង្កើតគោលនយោបាយពន្ធ
 • បង្កើតប្រភពព័ត៌មាន និងផ្តល់ព័ត៌មានអំពីប្រព័ន្ធពន្ធ

៤១. តើរដ្ឋត្រូវធ្វើដូចម្តេចដើម្បីឲ្យចំណូលពន្ធកើនឡើង?

ចំ. ដើម្បីឲ្យចំណូលពន្ធកើនឡើង រដ្ឋត្រូវមានវិធានការដូចជាៈ

 • ពង្រឹងសមត្ថភាពប្រមូលពន្ធ (លុបបំបាត់ការកិបកេងរវាងមន្ត្រីពន្ធដារ ភ្នាក់ងារពន្ធដារ និងអ្នកជាប់ពន្ធ) គឺប្រមូលពន្ធឲ្យបានត្រឹមត្រូវ
 • ពង្រីកមូលដ្ឋានយកពន្ធ (កំណត់មូលដ្ឋានថ្មីដែលជាប់ពន្ធ)
 • បង្កើនអត្រាពន្ធ (លើទំនិញ និងសេវាមួយចំនួន)
 • បង្កើតប្រភេទពន្ធថ្មី (ដែលមិនទាន់មាន ឬនៅខ្វះចន្លោះ)

៤២.  តើពន្ធផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ការអភិវឌ្ឍន៍សង្គមជាតិ?

ចំ. ពន្ធផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គមជាតិជាច្រើនដូចជាៈ

 • ទ្រទ្រង់ ឬបំពេញឲ្យការចំណាយដូចជាប្រាក់ខែ ចំណាយសម្ភារ ការិយាល័យ ចំណាយបេកកម្ម…។
 • សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការចំណាយទៅលើការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ​ ការថែទាំ សុខភាព និងការអភិវឌ្ឍន៍។
 • ទ្រទ្រង់សេវាសាធារណៈដូចជាការការពារជាតិ ធានារ៉ាប់រងសង្គម
 • ឲ្យពលរដ្ឋបានបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ទទួលខុសត្រូវចំពោះជាតិ
 • ឲ្យរដ្ឋមានចំណូល និងថវិកាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ
 • រារាំង ឬទប់ស្កាត់វិស័យសេដ្ឋកិច្ចណាដែលរដ្ឋចង់ទប់ស្កាត់
 • ធ្វើឲ្យទំនិញ និងសេវាទាំងឡាយប្រកួតប្រជែងដោយសេរី និងមានតម្លាភាព

៤៣. តើបណ្ដាសមាសធាតុផ្សំរ​បស់ពន្ធមានអ្វីខ្លះ? ចូររៀបរាប់។

ចំ. បណ្ដាសមាសធាតុផ្សំរ​បស់ពន្ធមាន៖

១. ​​បុគ្គលជាប់ពន្ធ និងបុគ្គលទទួលបានពន្ធ

 • បុគ្គលជាប់ពន្ធ គឺជាបុគ្គលដែល​មានកាតព្ធកិច្ចបង់ពន្ធជូនរដ្ឋ
 • ជាទូទៅបុគ្គលជាប់ពន្ធសំដៅដល់រូបវន្ដបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់រដ្ឋាភិបាល និង​រាល់សកម្មភាពផ្សេងៗ ដែលទទួលស្គាល់ជាសាធារណៈទៅតាមការកំណត់រ​បស់អង្គភាពពន្ធ។
 • ​បុគ្គលជាប់ពន្ធត្រូវមានកាតព្ធកិច្ចប្រមូលពន្ធជំនួសរដ្ឋពីបុគ្គលទទួល រង់ពន្ធនិងបុគ្គលជាប់ពន្ធនេះក៏ត្រូវទទួលរង់ពន្ធដោយផ្ទាល់ខ្លួនឯងផងដែរ ។
 • បុគ្គលទទួលរង់ពន្ធជាបុគ្គលដែលមានចំណូល ហើយទទួលការជះឥទ្ធិពលដោយប្រយោលពីពន្ធ ។ បុគ្គលនេះត្រូវបានរដ្ឋប្រមូលយកចំណូលតាមរយៈពន្ធដោយប្រយោលឬដោយផ្ទាល់ក្ដី ។

២ . មូលដ្ឋានគិតពន្ធ (The Basic of Taxes)

 • មូលដ្ឋានគិតពន្ធ គឺជារាល់ខ្ទង់ចំណូលដែលចំណុះឲ្យសកម្មភាពអាជីវកម្ម ​​និងសកម្ម​ភាព​ផ្សេងៗទៀតដែលត្រូវបានគេចាត់ទុកជាបង្អែកមួយដើម្បីគណនាពន្ធអាករផ្សេងៗ។​​
 • មូលដ្ឋានគិតពន្ធ​នេះវាអាស្រ័យទៅតាមប្រភេទគិតពន្ធនីមួយៗដែលច្បាប់កំណត់ ហើយយើងនឹងបង្ហាញលម្អិតទៅតាមប្រភទនីមួយៗ នៅក្នុងមេរៀនបន្ទាប់។

 

៣ . អត្រាពន្ធ (Tax Rate)

 • ​អត្រាពន្ធ គឺជាការកម្រិតពន្ធដែលកំណត់ទៅលើមូលដ្ឋានគិតពន្ធដើម្បីជាបង្អែកប្រាក់ពន្ធ។ អត្រាពន្ធមាន
 • អត្រាពន្ធបីប្រភេទ គឺអត្រាពន្ធគិតតាមសមាមាត្រជាភាគរយ អត្រាកំណើនតាមថ្នាក់ និងអត្រាថេរ។

៤ . ឯកតាគិតពន្ធ (The Unit of Tax)

 • ឯកតាគិតពន្ធ គឺជាឯកតានៃខ្នាតរូបបិយប័​ណ្ណ ដែលត្រូវបានប្រើប្រាស់ធ្វើមធ្យោបាយទូទាត់ពន្ធ។ ដោយយោងទៅតាមក្រសូងហិរញ្ញវត្ថុស្ដីពីការគ្រប់គ្រង សេដ្ឋកិច្ចជាតិ ឯកតាគិតពន្ធជាប្រាក់រៀល។

​​​​​​​​​​៥.​​​​​ តម្លៃគិតពន្ធ ​

 • តម្លៃគិតពន្ធ គឺជាតម្លៃដែលគិតលើវិក័យបត្រ ដែលយកធ្វើជាមូលដ្ឋានគិតពន្ធ ដែលត្រូវបានកំណត់ដោយអង្គភាពគិតពន្ធទៅតាម​ប្រភេទពន្ធនីមួយៗ។ ឧទាហរណ៍ចំពោះពន្ធគយ គីគេយកតំលៃ CIF (Cost Insurance and Freight) និងតម្លៃ FOB (Free on Board) ធ្វើជាមូលដ្ឋានគិតពន្ធ។

៦ ​. ការលើកលែងពន្ធ

 • ការលើកលែងពន្ធ គឺជាការអ​នុគ្រោះមួយរ​​បស់រដ្ឋាភិបាលចំពោះបុគ្គលជាប់ពន្ធទៅតាមគោលនយោបាយ អនុគ្រោះផ្សេងៗរបស់រដ្ឋាភិបាល។ ការលើកលែងពន្ធអាចជាករណីលើកលែងទាំងស្រុង ឬលើកលែងមួយផ្នែក។

៧ . បែបបទបង់ពន្ធ

 • បែបបទបង់ពន្ធ: គឺជាលិខិតប្រកាសពន្ធជូនទៅអង្គភាពពន្ធតាមការកំណត់នៃ​ប្រភេទពន្ធនីមួយៗ និងជាវិធីសាស្ដប្រមូលប្រាក់ពន្ធ ដែលផ្សារភ្ជាប់​ជាមួយក្របខណ្ឌនៃសិទ្ធិអំណាចការទទួលខុសត្រូវនៃស្ថាប័នទាំង ឡាយដែលមានពាក់ព័ន្ធ។ ឧទាហរណ៍ការប្រកាសអាករលើតម្លៃបន្ថែ​មរ​បស់អាជីវកម្ម ដែលប្រមូលបានមកត្រូវប្រកាសទៅ​ឲ្យអង្គភាពពន្ធ រយៈពេល ២០ ថ្ងៃបន្ទាប់នៃខែដែលបង់ជាកំហិត។

៤៤. តើអ្នកជាប់ពន្ធនិវាសជនមានន័យដូចម្តេច?

ចំ. អ្នកជាប់ពន្ធនិវាសនជន សំដៅដល់ៈ

 • រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ ថ្ងៃនៅក្នុងរយៈពេល ១២ ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត។
 • នីតិបុគ្គលក្រុមអាជីវកម្ម ដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៤៥. តើនរណាជានីតិបុគ្គល?

ចំ. ពាក្យ “នីតិបុគ្គល” សំដៅដល់សហគ្រាស ឬអង្គការនានាដែលប្រកបអាជីវកម្ម ទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ ឬអង្គការមិនស្វែងរកចំណេញ។ ចំពោះបុគ្គលអនិវាសនជន ពាក្យ “នីតិបុគ្គល” សំដៅដល់គ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមអាជីវកម្ម ឬសហគ្រាសឯកបុគ្គល។

៤៦. តើគ្រឹះស្ថានអចិន្ត្រៃយ៍សំដៅទៅលើអ្វី?

ចំ. គ្រឹះស្ថានអចិន្ត្រៃយ៍ សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះបុគ្គលអនិវាសនជនប្រកបអាជី វកម្មទាំងអស់ ឬមួយចំណែករបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ រួមបញ្ចូលផងដែរនូវ សមាគម ឬរូបភាពទំនាក់ទំនងផ្សេងៗទៀត ដែលតាមរយៈនេះបុគ្គល អនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះ រាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកថាជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូល ប្រភពប៉ុណ្ណោះ។

៤៧. តើអាជីវកម្មមានន័យដូចម្តេច?

ចំ. អាជីវកម្ម សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាយយកប្រាក់ចំណូលអំពីការផលិត និងលក់ទំនិញ ការផ្គត់ផ្គង់សេវា ភតិសន្យា ការជួល ឬការលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀត។

ឧទាហរណ៍ៈ ករណីស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ ឬអង្គការមិនស្វែងរកចំណេញទទួលបានផលចំណេញពីការលក់ ឬផ្គត់ផ្គង់សេវា អង្គភាពទាំងនោះត្រូវបានទទួល ស្គាល់ថាជា “អាជីវកម្ម”។

៤៨. តើ “សកម្មភាពសេដ្ឋកិច្ច” សំដៅដល់សកម្មភាពអ្វីខ្លះ?

ចំ. សកម្មភាពសេដ្ឋកិច្ច សំដៅដល់សកម្មភាពរបស់បុគ្គល ដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរក ឬមិនរកចំណេញក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាឲ្យដល់បុគ្គលដទៃ ក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ។

៤៩. តើសហគ្រាសឯកបុគ្គលសំដៅទៅលើអ្វី?

ចំ. សហគ្រាសឯកបុគ្គល សំដៅដល់សហគ្រាសអាជីវកម្មដែលជាកម្មសិទ្ធិ ១០០ ភាគរយរបស់រូបវន្តបុគ្គលណាម្នាក់។ ក្នុងនិយមន័យនេះ ប្តី ប្រពន្ធ និងកូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវន្តបុគ្គលតែម្នាក់។

៥០. តើពាក្យថា “តម្លៃទីផ្សារ” សំដៅទៅលើអ្វី?

ចំ. តម្លៃទីផ្សារ គឺជាថ្លៃមួយដែលអ្នកទិញធម្មតាម្នាក់ហ៊ានទិញទ្រព្យសកម្មក្នុងសភាព និងទីកន្លែងដែលទ្រព្យសកម្ម នោះស្ថិតនៅ៕