តោះសាកល្បងទស្សទាយខ្លួនឯង តើអ្នកជាមនុស្សសន្សំសំចៃបានកម្រិតណា?

បើ​អ្នក​ចង់​ដឹង​ថា​ខ្លួន​អ្នក​ចេះ​សន្សំ​សំចៃ​ដល់​កំរិត​ណា សាកល្បង​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម៖

១- ​តើអ្នក​ធ្លាប់​ទិញ​របស់​ជជុះមកប្រើ​ដែរ​ឬ​ទេ?

ក-    ធ្លាប់​ទិញ​តិចតួច​ដែរ។ (៣ពិន្ទុ)

ខ-​    របស់​គេ​ប្រើ​ហើយ​មិន​ខ្ចី​ប្រើ​ដាច់​ខាត។ (១ពិន្ទុ)

គ-    របស់​ប្រើ​ស្ទើរ​តែ​ទាំង​អស់​ជា​របស់​ជជុះ និង​របស់​លក់​បញ្ចុះ​ថ្លៃ។ (២ពិន្ទុ)

២- ​ខោ​ខូវ​ប៊យ​ស្អាតត្រូវ​ចិត្ត​អ្នក​មែន​ទែន ហើយ​ថែម​ទាំង​បញ្ចុះ​ថ្លៃ​ទៀត​ផង ប៉ុន្តែ​វា​ចង្អៀត​បន្តិច​សំរាប់​អ្នក អ្នក​នឹង៖

ក-   យ៉ាងណាៗ​ទិញ​យក​មក​ទុក​សិន រួច​ចាំ​ហាត់​ប្រាណ​សំរក​ក្បាល​ពោះ​ជា​ក្រោយ។ (១ពិន្ទុ)

ខ-​   ស្លៀក​មិន​ល្មម​បញ្ជាក់​ថា​មិន​មាន​បុណ្យ​បាន​មក​នៅ​ជាមួយ​យើង។ (៣ពិន្ទុ)

គ-    ទិញ​សិន​ រួចចាំ​យក​ទៅ​សារ៉េតាម​ក្រោយ។ (២ពិន្ទុ)

៣- ​ទមលាប់​នៃ​ការ​ដើរ​ទិញ​របស់​ប្រើប្រាស់របស់​អ្នក​គឺ៖

ក-   របស់​នោះ​ត្រូវ​តែ​ស្អាត​ហើយប្រើការ​បាន។  (២ពិន្ទុ)

ខ-​   របស់​ល្អ​មាន​តិច​ បើលក់​ត្រូវ​តែ​ទិញ។  (១ពិន្ទុ)

គ-   ទិញ​តែ​របស់​ចាំ​បាច់ ព្រោះអ្នក​មិន​មែន​ជា​មនុស្ស​សភារៈនិយម។ (៣ពិន្ទុ)

៤- ​ដំណាច់​ឆ្នាំ​នេះ ថៅកែ​ផ្តល់​ប្រាក់​រង្វាន់​បន្ថែម​លើ​ប្រាក់​ខែដល់​អ្នក​យ៉ាង​ច្រើន ពេល​នោះ​អ្នក​នឹង​៖

ក-   យក​ទៅ​ចងការ ស៊ី​ការ​ប្រាក់។ (៣ពិន្ទុ)

ខ-​   ប្រញាប់​ប្រញាល់ទៅ​ទិញ​កាបូប​ដែល​អ្នក​ចង់​បាន។ (១ពិន្ទុ)

គ-   យក​ទៅ​ផ្ញើ​ធនាគារ​សិន។ (២ពិន្ទុ)

៥- កាល​ពី​យប់ម៉ិញ​ក្រុមហ៊ុន​របស់​អ្នក​មានអគ្គីភ័យតិចតួច ហើយ​ត្រូវ​បិទ​ទ្វារ​១​ថ្ងៃ ពេល​នោះអ្នក​នឹង​៖

ក-   ដេក​សំរាក​នៅ​ផ្ទះ។ (៣ពិន្ទុ)

ខ-​    ទៅ​លេង​មិត្ត​ភក្តិ។ (២ពិន្ទុ)

គ-    ទៅ​ដើរ​ផ្សារ​លេង។ (១ពិន្ទុ)

៦- ​កាបូប​យួរដៃរបស់​អ្នក​នៅ​ប្រើបាន ប៉ុន្តែ​វា​ចាប់​ផ្តើម​មើ​ល​ទៅ​ឃើញ​ចាស់​និង​មិន​ទាន់​ម៉ូត​សោះ ពេល​នោះ​អ្នក​នឹង​៖

ក-   ​ទិញ​ថ្មី របស់​អស់​ទាំង​នេះ​ជួយ​លើក​មុខមាត់​យើង។ (១ពិន្ទុ)

ខ-​   ដើរ​រកមើលលេងៗ​ក្រែង​មាន​ហាង​ណា​គេ​លក់​បញ្ចុះ​ថ្លៃទើប​ទិញ។​ (៣ពិន្ទុ)

គ-   នៅប្រើ​បាន​ ប្រើសិន​ទៅ។ (២ពិន្ទុ)

៧- ​អ្នក​ទិញ​របស់​បញ្ចុះ​ថ្លៃ​ដោយ​សារ​ឃើញ​ថា​វា​ថោក សូម្បី​តែ​មិន​សូវ​ពេញ​ចិត្ត​ក៏ដោយ តើអ្នក​ទិញ​ញឹកញាប់កំរិតណា?

ក-   បើមិន​ត្រូវ​ចិត្ត ប្រើមិន​កើត​មិន​ទិញ​ទេ។ (៣ពិន្ទុ)

ខ-​    ទិញ​ម្តង​ម្កាល​ដែរ។  (២ពិន្ទុ)

គ-    អោយ​តែ​បញ្ចុះថ្លៃ ទិញ​ជា​ប្រចាំ។ (១ពិន្ទុ)

៨- ភាគច្រើន​ស្ថានភាព​ប្រាក់កាស​របស់​អ្នក​ច្រើន​តែ ​៖

ក-    អស់រាល់​ខែ ដាច់​ខែ​ដាច់​ខ្យល់។ (២ពិន្ទុ)

ខ-​    អស់​ពាក់​កណ្តាល​ខែ​រហូត មិន​ដឹង​ប្រាក់ទៅ​ណា..។ (១ពិន្ទុ)

គ-    អ្នកមាន​ប្រាក់​សន្សំ​ទុក​រាល់​ខែ។ (៣ពិន្ទុ)

៩- ​ពេល​ពិបាក​ចិត្ត​ម្តងៗ​ អ្នក​ច្រើន​តែ៖

ក-    ទៅ​ញ៉ាំ​អី​ជាមួយ​មិត្ត​ភក្តិ​ រួច​ជួយ​ចេញ​ប្រាក់​គ្នា។ (២ពិន្ទុ)

ខ-​    ធ្វើ​កិច្ច​ការ​នេះ​កិច្ចការ​នោះ លើក​លែង​តែ​ការងារ​ណា​ដែល​ចំណាយ​ប្រាក់។ (៣ពិន្ទុ)

គ-    ដើរផ្សារ​ទិញ​របស់។ (១ពិន្ទុ)

១០- យប់​នេះ​មាន​ហាង​ល្បី​មួយ​កន្លែង​លក់បញ្ចុះ​ថ្លៃ​ជា​ពិសេស តែ​នៅ​សល់​១​សប្តាហ៍​ទៀត​ទើប​អ្នក​បើក​ប្រាក់​ខែ អ្នក​នឹង​៖

ក-   គ្មាន​ប្រាក់​ទៅ​ធ្វើ​អី​កើត។ (៣ពិន្ទុ)

ខ-​   ឆៀង​ចូល​មើល។  (២ពិន្ទុ)

គ-   ទៅ​រក​ខ្ចី​គេ​បន្តិច​សិន ចាំ​បើក​ប្រាក់​ខែ​ចាំ​សងគេ​វិញ។ (១ពិន្ទុ)

ចម្លើយ

១​ ទៅ​ ១០​ពិន្ទុ អ្នកជា​មនុស្ស​ដៃ​ទូលាយ ចាយ​ប្រាក់មិន​ចេះ​បង្ការ​ពេល​អត់​។ អ្នក​ឧស្សា​ហ៍​ដើរ​ទិញ​ឥវ៉ាន់រហូត​ទាល់​តែ​អ្នក​លក់​ចំណាំ​មុខអ្នក​ច្បាស់​ជាង​គេ។ ​អ្នក​ទៅ​ផ្សារម្តងៗមិន​ដែលមក​វិញ​ដៃ​ទទេ​ឡើយ។ មនុស្ស​ពូកែ​ចាយប្រាក់​ដូច​ជា​អ្នក បើ​ទោះ​បី​ជា​មាន​កេរមរតក​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​សល់​ដែរ។ សូម​ដាស់​តឿន​អ្នក ប្រសិន​បើ​មិន​បន្ថយ​ដៃ​ ហើយ​ចាប់​ផ្តើម​សន្សំ​ប្រាក់​ទេ នោះ​អ្នក​នឹង​មិន​មាន​អ្វី​សល់​ជា​ដុំ​កំភួន​ឡើយ។

១១​ ទៅ​ ២០ពិន្ទុ បើ​ទោះ​បី​ជា​ចូល​ចិត្ត​ទិញ​របស់​យ៉ាង​ណា​ក្តី អ្នក​មិន​ងាយ​នឹង​បណ្តោយ​អោយ​របូត​ប្រាក់​​ទៅ​ចំណាយ​លើ​របស់​របរ​ឥត​ប្រយោជន៍​ងាយៗ​ឡើយ​ ព្រោះ​អ្នក​ចេះ​ប្រមាណ​រវាង​ចំណាយ​និង​ចំណូល​។ បើ​ចង​ទិញ​អ្វី​មួយ​ទាល់​តែ​មាន​ប្រាក់​សល់​ទើប​ទិញ​ មិន​ខ្ជះ​ខ្ជាយ​ប្រាក់កាសឬ​ចាយ​វាយ​ទាល់​តែ​អស់​ពី​ខ្លួន​ឡើយ។ ទោះ​បី​ជា​មិន​សល់​ហូរ​ហៀរ​ក៏​សប្បាយ​ចិត្ត​សប្បាយ​កាយ​ដែរ ព្រោះ​អ្នក​ជា​មនុស្ស​ដែល​មិនដែល​​ជំពាក់​ប្រាក់​អ្នក​ណា​ឡើយ។

២១​ ទៅ​ ៣០ពិន្ទុ អ្នក​ជា​មនុស្ស​សន្សំ​សំចៃ​ ចាយ​វាយត្បិតត្បៀតណាស់។ ធានា​ថា​នៅ​អនាគត​មិនឆ្ងាយ​ទេ​ អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​មិន​ខាន។ ប៉ុន្តែ​បើ​អ្នក​គិត​តែ​ពី​ដេក​អោប​ប្រាក់​នោះ អ្នក​ក៏​គ្មាន​សេចក្តី​សុខ​ក្នុងជិវិត​ដែរ។ អ្នក​គួរ​តែ​ចេះ​ថ្លឹង​ថ្លែង​ចំពោះ​ការ​សន្សំ​និង​​ការ​ចំណាយ។ សូម​ដាស់​តឿន​អ្នក​ថា បើ​អ្នក​ចេះ​តែ​រក​ប្រាក់​មិន​ចេះ​ចាយ​ប្រាក់​សោះ​នោះ អ្នក​មិន​ខុស​ពី​មនុស្ស​យន្ត​ដែល​មួយ​ថ្ងៃៗចេះ​តែធ្វើការ។ ធ្វើ​បែប​នេះ​មាន​ប្រាក់ច្រើន​ក៏​ជិវិត​គ្មាន​ន័យ​ដែរ៕

Leave a Reply

Your email address will not be published.